ក្រុមហ៊ុនស៊ីងបាយអូថេក គៀងកងប្រជាពលរដ្ឋនិងគ្រឿងចក្រចូលឈូសឆាយក្នុងទឹកដីព្រៃឡង់ចំនួនជាង ២ ម៉ឺនហិតា

ក្រចេះ៖ ក្រុមហ៊ុនស៊ីងបាយអូថេក កំពុងតែគៀងកងប្រជាពលរដ្ឋរាប់រយនាក់នៅតាមបណ្ដាស្រុកផ្សេងៗគ្នាដើម្បីឱ្យចូលអាឈើដួលរំលំ នឹងយកគ្រឿង ចក្រជាច្រើនគ្រឿងដើម្បីឈូសឆាយយកដីព្រៃក្នុងតំបន់ព្រៃឡង់ចំណុចភ្នំជី ត្រពាំងកាត់សក់ អូរចោទ អូសេវ។
តាមការរៀបរាប់របស់ជនជាតិភ្នងនិងជនជាតិកួយដែលពួកគាត់រស់នៅក្នុងតំបន់ព្រៃឡង់នេះតាំង ពីដូនតារបស់គាត់គាត់បាន រៀបរាប់ប្រាប់pmn.newsថាតាំងពីក្រុមហ៊ុនស៊ីងបាយអូថេក សុំសិទ្ធិពីរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍក្នុងតំបន់ព្រៃឡង់នេះមក ពួកគាត់រស់ក្នុងភាពលំបាកវេទនា ដោយដើមឈើច្បោះជរ័ធំៗដែលពួកគាត់ដុតយកជ័រទឹកយកទៅលក់ដើម្បីដោះស្រាយ ជីវភាពរបស់គាត់ក៏ត្រូវបានក្រុមហ៊ុននេះកាប់ខ្ទេចគ្មានសល់ ហើយម្យ៉ាងវិញទៀតក្រុមហ៊ុននេះបានយកគ្រឿងចក្រមកជីកប្រឡាយព័ទ្ធជុំវិញដីរាប់សិបម៉ឺនហិតា ហើយក៏មានជនជាតិជាច្រើនដែលរស់នៅក្នុងក្រវាត់ក្រុមហ៊ុននេះ ប្រភពបានបន្តទៀតថាពេលពួកគាត់ចូលទៅអាឈើយកទៅលក់នៅក្រៅក៏មិនបានដែរត្រូវលក់ឲ្យក្រុមហ៊ុនក្នុងតំលៃថោកជាងខាងក្រៅ ព្រោះបើទៅលក់នៅខាងក្រៅក៏គ្មានផ្លូវចេញដែរ ព្រោះប្រឡាយព័ទ្ធជុំវិញអស់ហើយ។
បងប្អូនជនជាតិគាត់សំដែងអំពីទុក្ខលំបាករបស់គាត់រស់នៅសព្វថ្ងៃពិបាកចិត្តជាងស្លាប់ទៅទៀតតាំងពីក្រុមហ៊ុន នេះបង្កើតមក។

ហើយក្រុមហ៊ុននេះ មានមេការឈ្មោះ លោក ជា លោក ម៉ុន លោកដា ដែលជាអ្នកកៀងកងប្រជាពលរដ្ឋនៅតាមបណ្ដាលភូមិស្រុកមកស៊ីឈ្នួលអារជ្រៀកដឹកតាមគោយន្តកន្ត្រៃរាប់រយគ្រឿងចូលក្រុមហ៊ុន ហើយមានគ្រឿងចក្ររាប់សិបគ្រឿងសំរាប់ឈូសឆាយដីព្រៃ។
តាមប្រភពពីមេការម្នាក់បានលួចខ្សឹបប្រាប់សារព័ត៌មានយើងថាក្រុមហ៊ុនកុងត្រាឈូសឆាយដីព្រៃចំនួន ២ ម៉ឺនហិតា អោយរួចរាល់ក្នុងរយៈពេល ៦ ខែប៉ុណ្ណោះ។

ប្រភពបានឲ្យដឹងថា មួយរយៈកន្លងទៅនេះក្រុមហ៊ុនស៊ីងបាយអូថេក បានបំពានកាប់ឈើនៅតំបន់ព្រៃឡង់ក្រៅក្រុមហ៊ុនស្ថិតក្នុងតំបន់ព្រៃអភិរក្សការពារ ហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនរបស់ខ្លួនយ៉ាងពេញបន្ទុក ហើយពេលចេញមកក្រៅវិញជាឈើស្របច្បាប់ ព្រោះមានការឃុបឃិតជាប្រព័ន្ធ។ ចំណែកលោក ហាក់វិបុល ប្រធានមន្ត្រីបរិស្ថានប្រចាំនៅ កំពតគយ ចំនុចព្រៃឡង់ស្រុកសំបូរ ខេត្តក្រចេះ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបានគេដឹងថា ជាអ្នកឃុបឃិតឲ្យក្រុមហ៊ុនស៊ីងបាយអូថេក បំពានកាប់ឈើក្នុងព្រៃឡង់ហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនរបស់ខ្លួនដើម្បីអារច្រៀករួចដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។

តាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឡង់នៅស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះក្រុមហ៊ុនស៊ីងបាយអូថេក បំពានកាប់ឈើក្នុងតំបន់ព្រៃឡង់កាន់តែខ្លាំងក្លាជាងមុនទៅទៀតកាប់រំលំទាំងតូចទាំងធំគ្មានសល់។
ចំណែកលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ គាត់បានទទួលជ្រាបអំពីបញ្ហានេះរឺទេ ដែលព្រៃឡង់នៅស្រុកសំបូរ ខេត្តក្រចេះ កំពុងត្រូវបានក្រុមហ៊ុនស៊ីងបាយអូថេក បំផ្លាញយ៉ាងពេញបន្ទុក។ ហេតុនេះហើយទើបក្រុមហ៊ុនស៊ីងបាយអូថេក អាចកាប់ឈើប្រណីត ឈើប្រភេទលេខ១ និងឈើប្រភេទលេខ២ ដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់​ភូមិអាជេន​ ស្រុកសំបូរ ខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេង។

សកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា​ រយៈពេលប្រមាណជាងមួយសប្តាហ៍កន្លងទៅនេះក្រុមហ៊ុនស៊ីងបាយអូថេក ដឹកជញ្ជូនឈើតាមរថយន្តធំៗប្រភេទវ៉េអងជាច្រើនគ្រឿងចេញពីតំបន់ព្រៃឡង់ភូមិអាជេន ស្រុកសំបូរ ខេត្តក្រចេះ យ៉ាងរលូន។

ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ក្នុងស្រុកសំបូរ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំតំបន់ព្រៃឡង់ទេនោះ គឺក្រុមហ៊ុនស៊ីងបាយអូថេក មិនអាចបំពានកាប់ឈើក្នុងព្រៃឡង់បានឡើយ។ ហេតុនេះលោក សាយ សំអាល់ រដ្ឋ​មន្ត្រីក្រសួងបរិស្ថាន មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះបច្ចុប្បន្នព្រៃឡង់ក្នុងស្រុកសំបូរ ខេត្តក្រចេះ កំពុងរងការបំផ្លាញយ៉ាងមហន្តរាយ ហើយមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ខេត្តក្រចេះ កំពុងរងការរិះគន់ថាជាអ្នកឃុបឃិតឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងអនាធិបតេយ្យ៕ដោយ,pmn.news