ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះម្នាក់ខឹងប្ដីមិនធ្វើតាមខ្លួន ធ្វើ អត្តឃាតដុតខ្លួន ឯងនៅក្នុងផ្ទះ តែដោយសារទ្រាំនឹងកម្ដៅមិនបានផង ណាមួយអាណិតកូនក្នុងផ្ទៃផង ក៏រត់ ចេញពីភ្លើងវិញ ពេលនេះត្រូវសមត្ថកិច្ច ឃាត់ខ្លួន

  1. ខេត្តសៀមរាប៖ ស្ត្រីម្នាក់ប៉ុនប៉ងធ្វើអត្តឃាត ប៉ុន្តែដោយសារភ្លើងក្តៅ និងអាណិតកូនក្នុងផ្ទៃ ក៍បានគេចចេញ បណ្ដាលឱ្យឆេះផ្ទះអស់បីល្វែង ព្រោះខឹងប្ដីមិនធ្វើតាមចិត្តខ្លួន ក៍ត្រូវបានសមត្ថកិច្ចឃាត់ និង ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន តាមអំណាចនៃដីកាបង្គាប់ឱ្យឃុំខ្លួន លេខ១៤០៤ ដ.ស.ព/ឌ របស់ចៅក្រមស៊ើបសួរ ហេង ឈៀងគ្រី ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលត្រូវបានឃុំខ្លួននេះមាន ឈ្មោះ ជន់ សុភី អាយុ ២៧ឆ្នាំ មុខរបរ លក់ដូររសម្ភារះជួសជុលម៉ូតូ ជាស្ត្រីមានផ្ទៃពោះចំនួន ០៦ខែ ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទមន្តទោស (ដុតផ្ទះ ) កើតហេតុកាលពី វេលាម៉ោង ២១ និង ៥០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះល្វែង ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា កាលពីវេលាម៉ោង ២១ និង ៥០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះល្វែង ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានករណីអគ្គីភ័យឆាបឆេះ ចេញពីចំណុចផ្ទះល្វែង ដែលមានឈ្មោះ មើរ ខ្មៅ ភេទប្រុស អាយុ ៣២ឆ្នាំ មានប្រពន្ធឈ្មោះ ជន់ សុភី ភេទ ស្រី អាយុ ២៧ឆ្នាំ ជួលបើកជួសជុល និងគ្រឿងបន្លាស់ម៉ូតូ បណ្តាលឲ្យខូចខាតសំណង់ផ្ទះចំនួន ០៣ល្វែង ដែលមានម្ចាស់កម្មសិទ្ធឈ្មោះ ផាយ សុខុម ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ អាជីវករ សរុបជាទឹកប្រាក់ប្រមាណ ៤០០០០$ (បួនម៉ឺនដុល្លារអាមេរិក) ព្រមទាំងសម្ភារះកសិកម្មរបស់ជនរងគ្រោះជាអ្នកជួលផ្ទះល្វែងខាងលើឈ្មោះ អ៊ិត ដាវិត ភេទប្រុស អាយុ ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ សេង វ៉ាន់ឌី ភេទស្រី អាយុ ២៨ឆ្នាំ ស្ទើរទាំងស្រុងសរុបជាទឹកប្រាក់ប្រមាណ ១០០០០$ (មួយម៉ឺនដុល្លារអាមេរិក)។  បន្ទាប់ពីកើតហេតុខាងលើ ឈ្មោះ ជន់ សុភី ភេទ ស្រី អាយុ ២៧ឆ្នាំ បានគេចខ្លួនបាត់ លុះដល់ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកបន្ទាយស្រី បានធ្វើការស្រាវជ្រាវ ចុះទៅនាំខ្លួនឈ្មោះ ជន់ សុភី ភេទស្រី ពីចំណុចឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មកសាកសួរនៅអធិការដ្ឋាន នគរបាលស្រុកបន្ទាយស្រីតែម្តង ។

សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីធ្វើការឃាត់ខ្លួន ស្ត្រីឈ្មោះ ជន់ សុភី បានសារភាពថា នៅវេលាម៉ោង ២១ និង ៥០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអាក់អន់ស្រពន់ចិត្តជាមួយប្តីឈ្មោះ មើរ ម៉ៅ ភេទប្រុស អាយុ ៣១ឆ្នាំ ដែលមិនទៅ យកខ្លួនពីផ្ទះឪពុកម្តាយនៅម្តុំភ្នំបូក ស្ថិតនៅភូមិរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប រូបខ្លួនក៏បានធ្វើដំណើរ ទៅផ្ទះល្វែងជួលខាងលើ ហើយបានប្រើចបជីក គាស់ទ្វារពីខាងក្រោយ រួចចូលទៅក្នុងផ្ទះ ហើយប្រើយកប្រេងសាំងចំនួន០៣ដប ចាក់លើសាបស៊ីម៉ង់ក្នុងផ្ទះជុំវិញខ្លួន រួចធ្វើ សកម្មភាពយកដែកកេសដុតក្នុងគោលបំណងធ្វើអត្តឃាត ប៉ុន្តែដោយសារភ្លើងក្តៅ និងអាណិតកូនក្នុងផ្ទៃ រូបខ្លួនបានគេចចេញ ពីទីតាំងកើតហេតុទៅពួនសម្ងំនៅគុម្ពឬស្សីក្បែរទីនោះ រួចបន្តគេចខ្លួនទៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ រូបខ្លួនត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក បន្ទាយស្រីតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានចាប់យកនូវវត្ថុតាងមាន អំបែងដបប្រេងសាំងផ្ទុះបែកចំនួន ០៤បំណែក ស្បែកជើងមនុស្សស្រីជនបង្ក ពណ៌ខ្មៅ ចំនួន ០១គូ និងចបជីកដែកចំនួន ០១ ប្រវែង ៩៩សង់ទីម៉ែត្រ។

ស្ត្រីខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និង បញ្ជូនទៅឃុំបណ្ដោះអាសន្ន តាមអំណាចនៃដីកាបង្គាប់ឱ្យឃុំខ្លួន លេខ១៤០៤ ដ.ស.ព/ឌ របស់ចៅក្រមស៊ើបសួរ ហេង ឈៀងគ្រី ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣រួចរាល់ហើយ៕នាគស

pmn

Leave a Reply

Your email address will not be published.